Friday, February 8, 2019

Sunday, December 23, 2018

ប្រាសាទព្រះវិហារ

ប្រាសាទ​ព្រះវិហារ គឺជា​ប្រាសាទខ្មែរ នៅលើ​ពយ​តា​ឌី នៅជាប់​ច្រាំង​ថ្ម​កម្ពស់​៥២៥ ម៉ែត្រ នៃ​ភ្នំ​ដងរែក ក្នុង​ខេត្ត​ព្រះវិហារ នៃ​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​។ ប្រាសាទ​នេះ បាន​ផ្តល់​ឈ្មោះ​ដល់​ខេត្ត​ព្រះវិហារ និង​មាន​ចម្ងាយ​១៤០​គ​.​ម ពី​ប្រាសាទ​អង្គរវត្ត និង​ប្រហែល ៣២០​គ​.​ម ពី​ទីក្រុង​ភ្នំពេញ​។
ប្រាសាទព្រះវិហារ មានទីតាំងស្ថិតនៅ ភូមិស្វាយជ្រុំ ឃុំកន្ទួត ស្រុកជាំក្សាន្ត នៅលើជួរភ្នំដងរ៉ែក (ភ្នំព្រះវិហារ) ជាប់ព្រំប្រទល់ ប្រទេសថៃឡង់ដ៏ មានចំងាយ១០៨គ.ម ពីទីរួមខេត្តព្រះវិហារ (ស្រុកត្បែងមានជ័យ) តាមផ្លូវលេខ ២១១។ ខេត្តព្រះវិហារ បានបង្កើតឡើង នៅក្នុងឆ្នាំ ១៩៦៤ ដោយកាត់ដីពី ខេត្តស្ទឹងត្រែង កំពង់ធំ និង សៀមរាប។ ខេត្តនេះគឺនៅភាគខាងជើង នៃព្រះរាជាណាចក្រកម្ពុជា ជាខ្ពង់រាបដែលសំបូរទៅដោយព្រៃឈើ ភ្នំ និង ស្ទឹង ដងអូរ។
ប្រាសាទ​ព្រះវិហារ មាន​ទីតាំង​ដ៏​អស្ចារ្យ​បំផុត ក្នុងចំណោម​ប្រាសាទ​ដែល​បាន​សាងសង់​ក្នុងសម័យ​អាណាចក្រ​ខ្មែរ នៃ​សតវត្ស​ទី​៦​។ ប្រាសាទ​នេះ មាននូវ​វិហារ​ជាច្រើន ត​ភ្ជាប់​ដោយ​ប្រព័ន្ធ​កម្រាល​ថ្ម និង​ជណ្តើរ​មាន​ប្រវែង​ប្រហែល ៨០០​ម៉ែត្រ និង​ត្រូវបាន​សាងសង់​ឲ្យមើល​ឃើញ​នូវ​ទេសភាព​ដែល​នៅ​ជុំវិញ​នោះបាន​យ៉ាងច្បាស់​។ ប្រាសាទ​នេះ​ត្រូវបាន​ឧទ្ទិស​ដល់​ព្រះ​សិវៈ គឺ​មាន​ភាពខុសប្លែក​ពី​ប្រាសាទ​ដទៃ ក្នុងចំណោម​ប្រាសាទខ្មែរ ដែល បាន​សាងសង់ តាម​បណ្តោយ​អ័ក្ស​ជើង​ត្បូង ជា​ជាង​មាន​រាង​ជា​ចតុកោណកែង ឆ្ពោះ​ទៅ​ខាងកើត​។ ប៉ុន្តែ​ទោះបីជា​ប្រាសាទ​នេះ មាន​ភាព​ខុសប្លែក​គ្នា​ច្រើន​ពី​ប្រាសាទ​ភ្នំ ដែល​បាន​រកឃើញ​នៅ​អង្គរ គេ​ជឿ​ថា​ប្រាសាទ​ទាំងនេះ​ត្រូវបាន​សាងសង់​ឡើង តំណាងឲ្យ ភ្នំ​ព្រះ​សុ​មេរុ ដែល​ជា​ទីលំនៅ​របស់​អាទិទេព​។​
ប្រាសាទព្រះវិហារ មានទំហំ ៨០០ម×៤០០ម ស្ថិតនៅលើភ្នំព្រះវិហារដែលមានកំពស់ ៦២៥ម នៅតាមជួរភ្នំដងរែក ដោយមានចំណោតខ្លាំងពីផ្ទៃនៃ ព្រះរាជាណាចក្រកម្ពុជា និង រាងទេរពីប្រទេស ថៃឡង់ដ៏។ ប្រាសាទព្រះវិហារ មានច្រកចូល ៣ ទៅកាន់ប្រាសាទ៖
ច្រកតាមប្រទេសយើង គឺចូលតាមស្វាយជ្រុំ ដែលផ្លូវចាស់ មានកាំជណ្តើរឡើង ទៅកាន់កំពូលភ្នំ ដងរែកនៃប្រាសាទ ព្រះវិហារ។
ច្រកតាមប្រទេសយើង ដដែលគឺតាមផ្លូវ គ១ ដែលជាផ្លូវជួសជុលចាក់បេតុង សំរាប់ឡើងទៅកាន់ ប្រាសាទព្រះវិហារដែរ។ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋយើងនៅក្នុងខេត្ត ក៏ដូចជាអ្នករកស៊ី លក់ដូរនៅទីនោះភាគច្រើននាំគ្នា ឡើងតាមផ្លូវនេះ ព្រោះងាយស្រួល ក្នុងការធ្វើដំណើរឡើង។
ច្រកចូលតាម ប្រទេសថៃឡង់ដ៏ ដែលភ្ញៀវទេសចរ អន្តរជាតិចូលចិត្តធ្វើដំណើរ តាមច្រកនេះ។
ប្រាសាទព្រះវិហារ ត្រូវបានបារាំង ប្រគល់ទៅឱ្យប្រទេសថៃឡង់ដ៏ កាន់កាប់នៅឆ្នាំ ១៩៥៤ ហើយត្រូវបាន ប្រគល់មកឱ្យព្រះរាជាណាចក្រ កម្ពុជាវិញតាមសាលដឺកា ចុះថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ១៩៦២ នៅតុលាការអន្តរជាតិ នាក្រុងឡាអេ។
ប្រាសាទព្រះវិហារ ជាប្រភេទរមណីយដ្ឋាន ប្រវត្តិសាស្រ្ត ដែលពីដើមមានឈ្មោះថា ស្រីសិខរីស្វារៈ ប្រែថា បារមីភ្នំ។ ប្រាសាទនេះកសាងឡើងនៅចុងសតវត្សរ៍ទី៩ និង ដើមសតវត្សរ៍ទី១២ ដោយស្តេច៤អង្គគឺ៖
    1. ព្រះបាទ យសោវ័រ្មនទី១ (គ.ស ៨៨៩​ – ៩១០ ឬ ៩១០?)៖ ព្រះអង្គបានសាងសង់ ប្រាសាទកណ្តាល។ ព្រះបាទយសោវ័រ្មនទី១ បានបង្កើតរាជធានី យសោធរបុរៈ និង ជាក្សត្រដែលចូលចិត្ត សាងសង់ប្រាសាទ លើកំពូលភ្នំធម្មជាតិ។
    2. ព្រះបាទ សូរ្យវ័រ្មនទី១ (គ.ស ១០០២ – ១០៥០)៖ ព្រះអង្គបានសាងសង់ អាគារដ៏វែង នៅជិតប្រាសាទ កណ្តាល កំពែងព័ទ្ធជុំវិញ និង គោបុរៈបី។ យោងទៅតាម សិលាចារិករបស់ប្រាសាទ ព្រះបាទ សូរ្យវ័រ្មន បានរៀបចំពិធី ដើម្បីអញ្ជើញទេវ ភទ្រស្វរៈ ដែលគង់នៅវត្តភូ (ប្រទេសឡាវបច្ចុប្បន្ន) មកគង់នៅជាមួយនឹងទេវ ស្រីសិខរីស្វារៈ ដើម្បីជួយការពារ និង ថែរក្សាអាណាចក្រខ្មែរ និង ប្រជារាស្រ្ត។
    3. ព្រះបាទ ជ័យវ័រ្មនទី៦ (គ.ស ១០៨០ – ១១០៩)៖ ព្រះអង្គបានសាងសង់ បណ្ណាល័យពីរ និង ជួសជុល ផ្នែកមួយចំនួននៃប្រាសាទ។
    4. ព្រះបាទ សូរ្យវ័រ្មនទី២ (គ.ស ១១១៣ – ១១៥០)៖ ព្រះអង្គបានសាងសង់ ព្រះលាន ដែលមាន នាគក្បាលប្រាំពីរ រូបតោតាមផ្លូវ និង នាគជាច្រើនទៀត តាមជណ្តើរឡើង។ ព្រះអង្គក៏បានរៀបចំពិធី សម្ភោតប្រាសាទ និង ចាត់ទុកជាកន្លែង គោរពសម្រាប់ព្រះមហាក្សត្រ គ្រប់រូប។

Thursday, December 20, 2018

Wednesday, December 19, 2018

ដំណើរ​កម្សាន្ដ​ទៅ​កាន់​ទឹក​ជ្រោះ​ព្រះ​និម្មិត​រមណីយដ្ឋាន​ធម្មជាតិ​នៅ​ខេត្ត​ព្រះវិហារ

បើ​សិន​ជា​អ្នក​ជ្រុល​ជា​ចំណាយ​ពេល​រហូត​ទៅ​ដល់​៦ ទៅ​១០​ម៉ោង​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​បណ្តា​ខេត្ត​ឆ្ងាយៗ ឬ​តំបន់​ទេសចរណ៍​នៅ​បរទេស​នោះ LIFT សូម​ផ្តល់​យោបល់​នូវ​ទី​កន្លែង​ទេសចរណ៍​ធម្មជាតិ​មួយ​ដែល​អ្នក​ពុំ​សូវ​ដែល​ធ្លាប់​ស្គាល់​នោះ​គឺ «ទឹក​ជ្រោះ​ព្រះ​និម្មិត»។ ទឹក​ជ្រោះ​ព្រះ​និម្មិត នេះ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​កំពង់​ស្រឡៅ ស្រុក​ឆែប ខេត្ត​ព្រះវិហារ។
បើ​គិត​អំពី​ចម្ងាយ​ផ្លូវ​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ​ទៅ​ដល់​តំបន់​ទឹក​ជ្រោះ​មួយ​នេះ​លោក​អ្នក​ប្រហែល​ជា​ត្រូវ​ចំណាយ​ពេល​ប្រមាណ​ជា​៨​ម៉ោង។ អ្នក​ទេសចរ​តម្រូវ​ឲ្យ​ធ្វើ​ដំណើរ​ដោយ​ស្រឡាង​ឆ្លង​កាត់​ពី​ក្រុង​ស្ទឹងត្រែង ព្រោះ​ថា​ស្ពាន​ដែល​ត​ភ្ជាប់​ពី​ទីក្រុង​ស្ទឹងត្រែង​ទៅ​កាន់​តំបន់​ទេសចរណ៍ ទឹក​ជ្រោះ​នេះ​កំពុង​តែ​សាង​សង់​នៅ​ឡើយ​។
បន្ទាប់​ពី​ឆ្លង​កាត់​ស្រឡាង​រួច​ហើយ អ្នក​ត្រូវ​បន្ត​ទៅ​តាម​ស្រុក​ថាឡាបរិវ៉ាត់​ខេត្ត​ស្ទឹងត្រែង ដែល​មាន​សភាព​ល្អ​ប្រសើរ​ជាង​ការ​ធ្វើ​ដំណើរ​ផ្ទាល់​ពី​ខេត្ត​ព្រះវិហារ​ទៅ​កាន់​តំបន់​ទឹក​ជ្រោះ​ព្រះ​និមិ្មត​តែ​ម្ដង​ព្រោះ​ថា​ផ្លូវ​នោះ​កំពុង​តែ​ត្រូវ​បាន​សាង​សង់ និង​ជួសជុល។
នៅ​តាម​បណ្តោយ​ផ្លូវ​ទៅ​កាន់​រមណីយដ្ឋាន​ដើម​រុក្ខជាតិ​តូច​ធំ​ត្រឈឹង​ត្រឈៃ​ឈរ​អម​ពាស​ពេញ​ព្រៃ។ សំឡេង​សត្វ​យំ រងំ​ជាមួយ​នឹង​សម្រស់​ព្រៃ​ឈើ​ពណ៌​បៃតង កាន់​តែ​ជំរុញ​ទឹក​ចិត្ត​អ្នក​ទេសចរ​ឲ្យ​កញ្ជ្រោល​ចង់​ឃើញ​ច្បាស់​នូវ​រមណីយដ្ឋាន​ទឹក​ជ្រោះ​ព្រះ​និមិ្មត​នេះ។
ខណៈ​ពេល​រថយន្ត​បរ​កាន់​តែ​ជិត​ដល់​អ្នក​អាច​ស្តាប់​ឮ​សូរ​សំឡេង​ទឹក​ជ្រោះ​ហូរ​រហឹម​ក្បែរ​ត្រចៀក​អ្នក​រហូត​ដល់​ពួក​គេ​បាន​ឃើញ​ផ្ទាល់​នូវ​សម្រស់​ទាំង​មូល​នៃ​តំបន់​ទេសចរណ៍​មួយ​កន្លែង​នេះ។
កញ្ញា អៀ បូនាថ អាយុ​២០ឆ្នាំ ជា​និស្សិត​ផ្នែក​គ្រប់​គ្រង​ទេសចរណ៍ ដែល​ធ្លាប់​បាន​ទៅ​ទស្សនា​ទឹក​ជ្រោះ​ព្រះ​និម្មិត​បាន​ឲ្យ​ដឹង​ថា៖ «ទឹក​ជ្រោះ​ហូរ​ធ្លាក់​មក​លើ​ផ្ទាំង​ថ្ម បាន​ប្រគំ​ជា​សំឡេង​ស្រិចៗ​ឥត​ដាច់ ហាក់​បី​ដូច​ជា​សំឡេង​ភ្លេង​តន្ត្រី​ធម្មជាតិ​កំពុង​ប្រគំ​លេង​លួង​ចិត្ត​អ្នក​ទេសចរ​ដែល​ខំ​ស្កាត់​ពី​ចម្ងាយ​មក​លេង​ដូច្នោះ​ដែរ»។
កញ្ញា​បាន​បន្ត​ថា​ថ្វី​ដ្បិត​តែ​ទឹក​ជ្រោះ​នៅ​ទីនោះ​ពុំ​អាច​មុជ ឬ​លេង​បាន​យ៉ាង​ណា​ក៏​ដោយ​ប៉ុន្តែ​គ្រាន់​តែ​បាន​ឈរ​លើ​ផ្ទាំង​ថ្ម​ស្រូប​យក​ខ្យល់​អាកាស គយ​គន់ និង​ផ្តិត​យក​រូបភាព​នៃ​សម្រស់​ទឹក​ជ្រោះ​ដ៏​ថ្លា​ឈ្វេង ដែល​ហូរ​ធ្លាក់​ចុះ​ពី​ផ្ទាំង​ថ្ម​នោះ ក៏​ធ្វើ​ឲ្យ​កញ្ញា​មាន​អារម្មណ៍​ថា​ធូរ​ស្បើយ និង​ស្រស់​ថ្លា​ទៅ​ហើយ។
នៅ​តំបន់​ទឹក​ជ្រោះ​ព្រះ​និម្មិត​ពុំ​ទាន់​មាន​ទីកន្លែង​សម្រាប់​សំណាក់ ឬ​ភោជនីយដ្ឋាន​ទំនើបៗ​ដូច​បណ្តា​រមណីយដ្ឋាន​ធម្មជាតិ​ផ្សេងៗ​ក៏​ពិត​មែន ប៉ុន្តែ​នៅ​ទីនោះ​មាន​កន្លែង​បម្រើរ​អាហារ និង​បន្ទប់​ទឹក​សម្រាប់​ភ្ញៀវ​ទេសចរ​។ ក្រៅ​ពី​ទឹក​ជ្រោះ​ដ៏​ត្រជាក់​ស្រិប​លោក​អ្នក​ក៏​អាច​ធ្វើ​ដំណើរ​តាម​រថយន្ដ​ពី​តំបន់​ទឹក​ជ្រោះ​នេះ​ទៅ​ទស្សនា​សត្វ​ត្រី​ផ្សោត​មេគង្គ​ដែល​ស្ថិត​នៅ​ក្បែរ​នោះ​ផង​ដែរ។
បើ​អ្នក​ចង់​កម្សាន្ត​សប្បាយ​ក្នុង​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ជាមួយ​នឹង​ក្រុម​គ្រួសារ​នៅ​តំបន់​ទេសចរណ៍​ធម្មជាតិ​ពិតៗ​អ្នក​គួរ​តែ​សាកល្បង​ទៅ​លេង​នៅ​ទឹក​ជ្រោះ​ព្រះ​និម្មិត​ប៉ុន្ដែ​សូម​គោរព​ច្បាប់​ចរាចរណ៍​ក្នុង​ពេល​ធ្វើ​ដំណើរ និង​យោគ​យល់​អធ្យាស្រ័យ​គ្នា​ដើម្បី​សុវត្ថិភាព​ទាំង​អស់​គ្នា​៕

មក​មើល​សម្រស់​ភ្នំ​ត្បែង​ខេត្ត​ព្រះវិហារ ទេសភាព​មិន​ធម្មតា

តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែង​អាច​ជា​កន្លែង​ទេសចរណ៍​ថ្មី​សម្រាប់​ភ្ញៀវ​ជាតិ​ និង​អន្តជាតិ ដោយ​នៅ​ទី​នោះ​មាន​ទឹក​ធ្លាក់ រូង​ប្រ​ជៀវ និង​ជា​កន្លែង​សក្ការ​។ ភ្នំ​ត្បែង​ ជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ដែល​មាន​សម្រស់​ស្រស់​ស្អាត ដោយ​មាន​ទាំង​ព្រៃ​ធម្មជាតិ សត្វព្រៃ ទឹកធ្លាក់ និង​តំបន់​បុរាណ​ឋានសម្រាប់​ពិធី​ផ្សេងៗ​ផង​ដែរ។
ជាមួយ​នឹង​ទេសភាព​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​ តំបន់​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ដាក់​ជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៦​កន្លង​មក។ នេះ​បើ​តាម​ព័ត៌មាន​របស់​ក្រ​សួង​បរិស្ថាន​ចេញ​ផ្សាយ​កាល​ពី​សប្ដាហ៍​មុន។​


 តំបន់​បេតិកភណ្ឌ​ភ្នំ​ត្បែង​នេះ​មាន​ទី​តាំង​ក្នុង​ខេត្ត​ព្រះ​វិហារ និង​គ្រប​ដណ្ដប់​លើ​ស្រុក​ចំនួន​ប្រាំ​គឺ ស្រុកសង្គមថ្មី​ ស្រុក​គូលែន ស្រុក​ត្បែង​មាន​ជ័យ ស្រុក​រវៀង និង​ក្រុង​ព្រះ​វិហារ ដែល​មានផ្ទៃ​ដី​សរុប​ចំនួន​​២៥​០០០ហិចតា។​



​ដើម្បី​ឡើង​ដល់​ទី​តាំង​ទឹក​ធ្លាក់ និង​ទី​សក្ការ​ទាំង​នេះ អ្នក​ធ្វើ​ដំណើរ​ត្រូវ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ជ្រលង​ភ្នំ​ដែល​មាន​ចម្ការ​ចេក​ធំ​ល្វឹង​ល្វើយ និង​ត្រូវ​ឡើង​តាម​ជណ្ដើរ​កម្ពស់​៤០០​ម៉ែត្រ និង​មាន​កាំ​ជណ្ដើរ​​ចំនួន១៨០០​កាំ៕
ទស្សនារូបភាពស្អាតទាំងអស់គ្នា៖






Tuesday, December 18, 2018

ជាតិ ប្រពៃណី​ទំនៀមទម្លាប់​ជនជាតិដើម​ភាគតិច កំពុង​យាយី​ដោយ​សម្ភារ​និយម

ភ្នំពេញ​៖ ជនជាតិដើម​ភាគតិច តែងមាន​ប្រពៃណី និង​អត្តសញ្ញាណ​មួយ​ប្លែក​ពី​ពលរដ្ឋ​ខ្មែរ​ទូទៅ តាមរយៈ​ការគោរព​ចាស់ទុំ អ្នកតា ព្រៃភ្នំ សម្លៀកបំពាក់ ភាសា និង​វប្បធម៌​ប្រពៃណី​ជាច្រើន​។ ប៉ុន្តែ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ជនជាតិដើម​ភាគតិច​ជាច្រើន បាន​ផ្លាស់ប្តូរ​ឥរិយាបថ លែង​សូវ​ប្រកាន់​ប្រពៃណី​ទំនៀមទម្លាប់​ដូនតា បន្ទាប់ពី​មាន​អ្នក​ចំណូលស្រុក​ចូលទៅ​រស់នៅក្នុង​សហគមន៍ និង​បាន​នាំ​សម្ភារ​និយម ទៅ​ប​ង្វ​ក់​ស្មារតី​ពួកគេ ឲ្យ​គ្រវាត់ចោល​ទម្លាប់​ចាស់ និង​ចាប់យក​ទម្លាប់​ថ្មី ស្របតាម​សម័យ​
សាកលភាវូបនីយកម្ម​។


 លោក ទឺ​យ ធិ អាយុ​៥៥​ឆ្នាំ  ជា​ជនជាតិដើម​ភាគតិច​ព្នង នៅ​ឃុំ​ដាក់​ដាំ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី បាន​អះអាងថា សហគមន៍​របស់ខ្លួន បាន​បាត់បង់​ព្រៃ​ជំនឿ និង​ដីធ្លី ព្រោះ​តែមាន​ឈ្នួ​ញ និង​ក្រុមហ៊ុន​រំលោភ​យក​។ បើតាម​លោក ទឺ​យ ធិ ការបាត់​ព្រៃឈើ​ដែល​ក្នុងនោះ​មានព្រៃ​កប់ខ្មោច ព្រៃ​អារក្ស និង​ដីចម្ការ​វិលជុំ គឺជា​ការបាត់បង់​ប្រពៃណី​ទំនៀមទម្លាប់​របស់​ជន​ជាតិ​ព្នង​។    

«​លក្ខណៈពិសេស​របស់​ជ​ន​ជាតិ​ដើម​ភាព​តិច​ព្នង មានការ​សែនព្រេន ជំនឿ ភាសា អារក្សអ្នកតា និង​ធ្វើ​ផ្ទះ​ខ្ពស់ៗ​ជាដើម​»​។ នេះ​បើតាម​ការពន្យល់​របស់ លោក ទឺ​យ ធិ ដោយ​បន្ត​អះអាងថា បច្ចុប្បន្ន ប្រពៃណី​មួយចំនួន ក៏បាន​បាត់បង់​បណ្តើរៗ​ផងដែរ​។ លោក​បន្ថែមថា នៅមាន​ចាស់ៗ​មួយចំនួន បាន​បន្ត​ស្លៀកពាក់​សម្លៀកបំពាក់​ប្រពៃណី ដោយ​យុវជន​វិញ ពួកគេ​បាន​ស្លៀកពាក់​ដូច​បងប្អូន​ខ្មែរ​។  ក្រៅពី​ការ​ស្លៀកពាក់ ការសង់​ផ្ទះ​តាម​ទម្លាប់​ជនជាតិដើម​ភាគតិច​ព្នង ក៏​មិនសូវ​ពេញនិយម​ទៀត​ដែរ​។ លោក​ទឺ​យ ធិ បញ្ជាក់​យ៉ាង​ដូច្នេះ​ប្រាប់​ព័ត៌មាន​ថ្មីៗ​ថា​៖«​ជនជាតិ​ព្នង​នៅ​សហគមន៍​របស់ខ្ញុំ លែង​សូវ​សង់ផ្ទះ​ខ្ពង់ៗ​ដូច​ដូនតា​ទៀតហើយ តែ​ពួកគេ ដោយ​បែរមក​សង់ផ្ទះ​ដូច​ខ្មែរ​ដែរ​។ តែបើ​ភាសា និង​ម្ហូបអាហារ​របស់​ជន​ជាដើម​ភាគតិច​ព្នង​វិញ គឺ​នៅ​រក្សា​បានល្អ​»​។    

​បញ្ហា​នេះ ត្រូវបាន លោក ម៉​ង វិចិត្រ នាយករង​សមាគម​ខ្មែរលើ បាន​អះអាងថា ជនជាតិដើម​ភាគតិច​ព្នង មាន​ភាពប្រែប្រួល​ច្រើន​ទាំង​វិជ្ជមាន និង​អវិជ្ជមាន​។ លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​ក្មេងៗ​បច្ចុប្បន្ន ពួកគាត់​និយម​ភ្លេង​បទ​ថ្មី ដោយ​លែង​សូវ​ស្តាប់ភ្លេង​ប្រពៃណី​ទៀតហើយ​»​។ 

​ដោយឡែក ការប្រែប្រួល​វិជ្ជមាន គឺមាន​យុវជន​ជាច្រើន​បាន​រៀន​ចប់​មហាវិទ្យាល័យ​។ បើតាម លោក ម៉​ង វិចិត្រ មាន​យុវជន​ដែលជា​ជនជាតិដើម​ភាគតិច​ក្នុង​ខេត្តរតនគិរី រៀន​ចប់​មហាវិទ្យាល័យ​ប្រមាណ​ជាង​៥០​នាក់ ដោយ​ពួកគេ​បានធ្វើការ​នៅ​ក្រុមហ៊ុន​ឯកជន ប្រឡង​ចូលធ្វើការ​ដ្ឋ និង​ខ្លះទៀត បានធ្វើការ​នៅ​អង្គការក្រៅរដ្ឋាភិបាល ដោយបាន​ត្រឡប់​មកជួយ​សហគម​ន៍​របស់​ពួកគេ​វិញ​។   

​មិនមែន​តែ​ជនជាតិដើម​ភាគតិច​ព្នង​នោះទេ ដែល​ផ្លាស់ប្តូរ​ឥរិយាបថ​នោះ ប៉ុន្តែ សូម្បីតែ​ជន​ជាដើម​ភាគតិច​គ្រឹ​ង ក៏​លែង​សូវ​ប្រកាន់​ប្រពៃណី​ទំនៀមទម្លាប់​ទៀត​ដែរ​។ អ្នកស្រី ឡា​ត់ សុខ​ឯម ជា​ជនជាតិ​គ្រឹ​ង​នៅ​ខេត្តរតនគិរី និង​គណៈ​គ្រប់គ្រង​អង្គការ​ជនជាតិដើម​ភាគតិច​កម្ពុជា បាន​អះអាងថា ទោះបី​អ្នកស្រី​មាន​ស្វាមី​ជា​ជនជាតិខ្មែរ ប៉ុន្តែ ប្រពៃណី​ទំនៀមទម្លាប់​ជនជាតិ​របស់ខ្លួន អ្នកស្រី​នៅតែ​ប្រកាន់ខ្ជាប់​ដដែល​។ បើតាម​អ្នកស្រី ឡា​ត់ សុខ​ឯម ជនជាតិ​គ្រឹ​ង​នៅ​ឆ្ងាយ​ពី​ទី​រួម​ខេត្តរតនគិរី​នៅ​ប្រកាន់​ប្រពៃណី​ច្រើន ប៉ុន្តែ ប្រសិនបើ​ជនជាតិ​គ្រឹ​ង​នៅក្បែរ​ទី​រួម​ខេត្ត គឺ​បាន​លង់​នឹង​សម្ភារ​និយម ដែល​ធ្វើ​ឲ្យ​ពួកគេ​បោះបង់​ប្រពៃណី​ជនជាតិ​គ្រឹ​ង​ចោល ដោយ​ចាប់យក​ឥរិយាបថ​ថ្មី និង​ផ្លាស់ប្តូរ​តាម​ជនជាតិខ្មែរ​។    

​អ្នកស្រី ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​សម្ភារ​និយម​ហូរ​ចូលទៅ បាន​បើក​គំនិត​គាត់​ឲ្យ​ចង់​ស្អាត ពីមុន​អត់​ចេះ​ប្រើ​ទូរស័ព្ទ ឥឡូវ​ចេះ​ប្រើ​ទូរស័ព្ទ ពួកគាត់​ទទួល​បច្ចេកវិទ្យា​ថ្មី ធ្វើ​ឲ្យ​ពួកគាត់​ស្រឡាញ់​រូបភាព​ខាងក្រៅ​»​។ 

​អ្នកស្រី អះអាងថា ការអភិវឌ្ឍន៍​នៅ​តំបន់​ជនជាតិដើម​ភាគតិច​គ្រឹ​ង បាន​បានធ្វើ​ឲ្យ​សេដ្ឋកិច្ច​មានការ​រីកចម្រើន ប៉ុន្តែ ទន្ទឹមគ្នានេះ ការអភិវឌ្ឍន៍​នេះ បាន​បង្ក​ការលំបាក​ដល់​ការអភិរក្ស​ប្រពៃណី និង​ទំនៀមទម្លាប់​របស់​ជន​ជាតិ​ដើម​ភាគតិច​។    «​ការអភិវឌ្ឍន៍​ហូរ​ចូលទៅ វា​ល្អ​សម្រាប់ធ្វើ​ពួកគាត់​រីកចម្រើន​សេដ្ឋកិច្ច ប៉ុន្តែ យើង​ពិបាក​បណ្តុះ​គំនិត ឲ្យ​ពួកគេ​ចេះ​អភិវឌ្ឍន៍​ហើយ​ចេះ​អភិរក្ស ព្រោះ​អ្នកខ្លះ ពួកគាត់​បែកគំនិត​លែង​ចង់​ប្រកាន់យក​វប្បធម៌ និង​ប្រពៃណី​»​។ នេះ​ជាការ​ពន្យល់​របស់​អ្នកស្រី ឡា​ត់ សុខ​ឯម ដោយ​បន្ត​បញ្ជាក់ថា    បច្ចុប្បន្ន ជនជាតិដើម​ភាគតិច​នៅ​កម្ពុជា មាន​រស់នៅក្នុង​ខេត្ត​ចំនួន​១៥ ដូចជា​៖ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ និង​កោះកុង​ជាដើម ដោយមាន​ជាង​៥០០​សហគមន៍ និង​២៤​ជនជាតិ​។

​ទំនាក់​ទ​នង​បញ្ហា​នេះ លោក ប៉ុល លឹម រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​រម្លឹកថា កាល​លោក​ទៅ​ក្រៅប្រទេស​ដែលមាន​ជនជាតិដើម​ភាគតិច គឺ​ប្រជាជន​គេ​បានផ្តល់​តម្លៃ និង​ផ្តល់​អាទិភាព​ដល់​ជនជាតិដើម​ភាគតិច​ក្នុងការ​ថែរក្សា​អត្តសញ្ញាណ​របស់ខ្លួន​។

​លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​ឃើញ​នៅ​ស្រុក​គេ គេ​ថែរក្សា​ប្រពៃណី​និង​អត្តសញ្ញាណ​របស់​ជនជាតិ​ដើម​គេ​ណាស់ គ្រាន់តែ​ពួកគេ​ឡើង​ជិះឡាន​ក្រុង គឺ​គេ​ស្គាល់​ភ្លាម​ថា គឺជា​ជន​ជាដើម​ភាគតិច ព្រោះ ពួកគេ​រក្សាបាន​នូវ​ប្រពៃណី​ទំនៀមទម្លាប់​។ ដូច្នេះ យើង​ក៏ត្រូវ​ថែរក្សា​អត្តសញ្ញាណ​ពួកគាត់ ដោយ​កុំ​អភិវឌ្ឍន៍​លឿន​ពេក ហើយក៏​កុំ​អភិរក្ស​យឺត​ពេក​»​។   

​សូមបញ្ជាក់ថា បច្ចុប្បន្ន សហគមន៍​ជនជាតិដើម​ភាគតិច​មាន​ចំនួន​១៥​សហគមន៍ ដែល​បាន​ចុះបញ្ជី​ទទួលស្គាល់​ដោយ​ក្រសួងមហាផ្ទៃ  និង​៩​សហគមន៍​ទៀត ក្រសួង​កំពុង​ត្រួតពិនិត្យ​ដើម្បី​ចុះបញ្ជី​ស្របច្បាប់​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងមហាផ្ទៃ​ដែល​បានបង្ហាញ​ក្នុង សិក្ខាសាលា​មួយ​ស្តីពី​៖ «​ការផ្សព្វផ្សាយ​វិធាន​ប្រពៃណី គោលនយោបាយ និង​ច្បាប់​ជាតិ និង​អន្តរជាតិ​ពាក់ព័ន្ធ​សិទ្ធិ​ជនជាតិដើម​ភាគតិច​»​នៅ​អាគារ​រដ្ឋសភា នៅ​ថ្ងៃទី​១១ ខែតុលា​៕ 

ងាយរក ហើយឆាប់ស្អាត ចឹងនៅចាំអីទៀត ប្រើរូបមន្តធម្មជាតិសាច់ផ្លែត្របែកម្តងមើល៍!

កាលពីពេលមុនៗ យើងប្រាកដជាបានដឹងហើយថា ស្លឹកត្របែក មិនត្រឹមតែអាចយកមកព្យាបាលសរសៃសក់ វាថែមទាំងព្យាបាលស្បែកផ្ទៃមុខ ហើយធ្វើឱ្យមុខស្អាតបាត់មុនទៀត។ តែពេលនេះ សូម្បីតែសម្បក និងសាច់ផ្លែត្របែកក៏មានប្រយោជន៍សម្រាប់សុខភាពស្បែកផ្ទៃមុខដែរ ដែលស្ត្រីគ្រប់រូបគួរតែសាកល្បងដើម្បីឱ្យផ្ទៃមុខកាន់តែស្អាតជាងមុន និងមានភាពជឿជាក់មួយកម្រិតទៀត ។
ដូច្នេះមកតាមដានវិធីទាំង៤ ក្នុងការប្រើប្រាស់សាច់ផ្លែត្របែកសម្រាប់ស្បែកមុខទាំងអស់គ្នា៖




១. មុខភ្លឺ ស និងម៉ដ្ឋរលោង

ផ្លែត្របែក សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ដែលអាចជួយធ្វើឱ្យស្បែកភ្លឺ ម៉ដ្ឋរលោង និងទន់ស្អាតដូចជាស្បែកកូនក្មេងផងដែរ ដោយគ្រាន់តែអនុវត្តវិធីងាយៗដូចខាងក្រោមនេះឱ្យបាន ១សប្តាហ៍ម្តងតែប៉ុណ្ណោះ។
ការអនុវត្ត៖
- ងាយៗគ្រាន់តែលាងផ្លែត្របែក១ផ្លែឱ្យស្អាត រួចចិតសម្បកចេញឱ្យនៅជាប់សាច់បន្តិច
- រួចយកសម្បកត្របែកទាំងអស់ទៅកិន ឬក្រឡុកឱ្យហ្មត់ក្នុងបរិមាណសមល្មមសម្រាប់លាបឱ្យសព្វផ្ទៃមុខ សឹមលាយជាមួយទឹកឃ្មុំ ១ស្លាបព្រា កូរចូលគ្នា
- ជាចុងក្រោយយកល្បាយនេះមកលាបលើមុខឱ្យសព្វ ទុកចោល ២០នាទី ចាំលាងចេញជាមួយនឹងទឹកក្តៅឧណ្ហៗជាការស្រេច។







២. ផ្តល់សំណើម និងព្យាបាលស្បែកមុខស្ងួត

ផ្លែត្របែក ថែមទាំងបានផ្ទុកសារធាតុទឹកជាច្រើន ដែលមិនត្រឹមតែអាចជួយធ្វើឱ្យមុខទន់រលោងភ្លឺស្អាតនោះទេ ថែមទាំងអាចផ្តល់សំណើមដល់ផ្ទៃមុខ ធ្វើឱ្យស្បែកមុខមានសុខភាពល្អ និងអាចការពារ ឬព្យាបាលអាការស្បែកស្ងួតផងដែរ ដោយគ្រាន់តែអនុវត្តវិធីធម្មជាតិខាងក្រោមនេះ ឱ្យបានជាប្រចាំ ក្នុង១សប្តាហ៍២ដង។
ការអនុវត្ត៖
- យកផ្លែត្របែកកន្លះផ្លែ លាងទឹកឱ្យស្អាតចិតសម្បកចេញ រួចឈូសសាច់ឱ្យល្អិតៗ ក្រឡុកឱ្យហ្មត់ សឹមលាយជាមួយម្សៅអូត ១ស្លាបព្រាបាយ (Oatmeal Powder រកទិញបាននៅផ្សារទំនើប) រួមទាំងទឹកឃ្មុំ១ស្លាបព្រាបាយ និងស៊ុតផ្នែកពណ៌ស ១គ្រាប់
- កូរល្បាយនេះចូលគ្នាសព្វ រួចយកមកលាបឱ្យពេញផ្ទៃមុខ ទុកចោល ២០នាទី ចាំលាងចេញជាមួយទឹកត្រជាក់។




៣. សម្រាប់ស្បែកមុខប្រតិកម្ម

ផ្លែត្របែក ផ្ទុកនូវសារធាតុវីតាមីនចម្រុះជាច្រើនប្រភេទ ដែលអាចជួយធ្វើឱ្យស្បែកមុខដែលខូច ឬប្រតិកម្មផ្សេងៗ ឱ្យត្រលប់មករកភាពស្រស់ស្អាតស្រស់ថ្លា ក្មេងខ្ចី និងតឹងណែនឡើងវិញបាន ដោយអនុវត្តវិធីងាយៗមួយនេះ។
ការអនុវត្ត៖
-យកផ្លែត្របែក១ផ្លែលាងទឹកឱ្យស្អាត រួចកាត់ជាដុំៗល្មមទាំងសម្បក រួចក្រឡុកឱ្យហ្មត់ដោយបន្ថែមទឹកបន្តិចឱ្យខាប់បន្តិច (ប្រហែលជា១ពែង)
-យកល្បាយនេះមកលាបលើផ្ទៃមុខ ២០នាទី ចាំលាងចេញនឹងទឹកត្រជាក់ជាការស្រេច។




៤. ព្យាបាលមុខមុន និងស្នាមមុនគ្រប់ប្រភេទ

ផ្លែត្របែក ក៏មានផ្ទុកនូវសារធាតុល្អៗ ពីធម្មជាតិជាច្រើន ដែលមានប្រសិទ្ធភាពក្នុងការព្យាបាលមុខមុនគ្រប់ប្រភេទ ថែមទាំងអាចបំបាត់ស្នាមមុន ឬស្នាមជាំខ្មៅៗផងដែរ ដោយគ្រាន់តែអនុវត្តវិធីងាយៗមួយនេះ ២ដងក្នុងមួយសប្តាហ៍។
ការអនុវត្ត៖
- យកផ្លែត្របែក១ផ្លែ មកលាងទឹកឱ្យស្អាត រួចឈូសឱ្យល្អិតៗហើយច្រោះយកតែទឹក
- បន្ទាប់មកលាយជាមួយនឹងទឹកក្រូចឆ្មារសម្បកលឿង ១កូនស្លាបព្រា (Lemon ក្រូចឆ្មារសម្បកលឿងទិញបាននៅផ្សារទំនើប ឬប្រើក្រូចឆ្មារធម្មតាក៏បាន) និងទឹកឃ្មុំ ១កូនស្លាបព្រា កូរចូលគ្នាឱ្យសព្វ
- ជាចុងក្រោយយកល្បាយនេះ មកលាបលើផ្ទៃមុខទុកចោល ២០នាទី ចាំលាងនឹងទឹកត្រជាក់ចេញ៕