Wednesday, December 19, 2018

ដំណើរ​កម្សាន្ដ​ទៅ​កាន់​ទឹក​ជ្រោះ​ព្រះ​និម្មិត​រមណីយដ្ឋាន​ធម្មជាតិ​នៅ​ខេត្ត​ព្រះវិហារ

បើ​សិន​ជា​អ្នក​ជ្រុល​ជា​ចំណាយ​ពេល​រហូត​ទៅ​ដល់​៦ ទៅ​១០​ម៉ោង​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​បណ្តា​ខេត្ត​ឆ្ងាយៗ ឬ​តំបន់​ទេសចរណ៍​នៅ​បរទេស​នោះ LIFT សូម​ផ្តល់​យោបល់​នូវ​ទី​កន្លែង​ទេសចរណ៍​ធម្មជាតិ​មួយ​ដែល​អ្នក​ពុំ​សូវ​ដែល​ធ្លាប់​ស្គាល់​នោះ​គឺ «ទឹក​ជ្រោះ​ព្រះ​និម្មិត»។ ទឹក​ជ្រោះ​ព្រះ​និម្មិត នេះ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​កំពង់​ស្រឡៅ ស្រុក​ឆែប ខេត្ត​ព្រះវិហារ។
បើ​គិត​អំពី​ចម្ងាយ​ផ្លូវ​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ​ទៅ​ដល់​តំបន់​ទឹក​ជ្រោះ​មួយ​នេះ​លោក​អ្នក​ប្រហែល​ជា​ត្រូវ​ចំណាយ​ពេល​ប្រមាណ​ជា​៨​ម៉ោង។ អ្នក​ទេសចរ​តម្រូវ​ឲ្យ​ធ្វើ​ដំណើរ​ដោយ​ស្រឡាង​ឆ្លង​កាត់​ពី​ក្រុង​ស្ទឹងត្រែង ព្រោះ​ថា​ស្ពាន​ដែល​ត​ភ្ជាប់​ពី​ទីក្រុង​ស្ទឹងត្រែង​ទៅ​កាន់​តំបន់​ទេសចរណ៍ ទឹក​ជ្រោះ​នេះ​កំពុង​តែ​សាង​សង់​នៅ​ឡើយ​។
បន្ទាប់​ពី​ឆ្លង​កាត់​ស្រឡាង​រួច​ហើយ អ្នក​ត្រូវ​បន្ត​ទៅ​តាម​ស្រុក​ថាឡាបរិវ៉ាត់​ខេត្ត​ស្ទឹងត្រែង ដែល​មាន​សភាព​ល្អ​ប្រសើរ​ជាង​ការ​ធ្វើ​ដំណើរ​ផ្ទាល់​ពី​ខេត្ត​ព្រះវិហារ​ទៅ​កាន់​តំបន់​ទឹក​ជ្រោះ​ព្រះ​និមិ្មត​តែ​ម្ដង​ព្រោះ​ថា​ផ្លូវ​នោះ​កំពុង​តែ​ត្រូវ​បាន​សាង​សង់ និង​ជួសជុល។
នៅ​តាម​បណ្តោយ​ផ្លូវ​ទៅ​កាន់​រមណីយដ្ឋាន​ដើម​រុក្ខជាតិ​តូច​ធំ​ត្រឈឹង​ត្រឈៃ​ឈរ​អម​ពាស​ពេញ​ព្រៃ។ សំឡេង​សត្វ​យំ រងំ​ជាមួយ​នឹង​សម្រស់​ព្រៃ​ឈើ​ពណ៌​បៃតង កាន់​តែ​ជំរុញ​ទឹក​ចិត្ត​អ្នក​ទេសចរ​ឲ្យ​កញ្ជ្រោល​ចង់​ឃើញ​ច្បាស់​នូវ​រមណីយដ្ឋាន​ទឹក​ជ្រោះ​ព្រះ​និមិ្មត​នេះ។
ខណៈ​ពេល​រថយន្ត​បរ​កាន់​តែ​ជិត​ដល់​អ្នក​អាច​ស្តាប់​ឮ​សូរ​សំឡេង​ទឹក​ជ្រោះ​ហូរ​រហឹម​ក្បែរ​ត្រចៀក​អ្នក​រហូត​ដល់​ពួក​គេ​បាន​ឃើញ​ផ្ទាល់​នូវ​សម្រស់​ទាំង​មូល​នៃ​តំបន់​ទេសចរណ៍​មួយ​កន្លែង​នេះ។
កញ្ញា អៀ បូនាថ អាយុ​២០ឆ្នាំ ជា​និស្សិត​ផ្នែក​គ្រប់​គ្រង​ទេសចរណ៍ ដែល​ធ្លាប់​បាន​ទៅ​ទស្សនា​ទឹក​ជ្រោះ​ព្រះ​និម្មិត​បាន​ឲ្យ​ដឹង​ថា៖ «ទឹក​ជ្រោះ​ហូរ​ធ្លាក់​មក​លើ​ផ្ទាំង​ថ្ម បាន​ប្រគំ​ជា​សំឡេង​ស្រិចៗ​ឥត​ដាច់ ហាក់​បី​ដូច​ជា​សំឡេង​ភ្លេង​តន្ត្រី​ធម្មជាតិ​កំពុង​ប្រគំ​លេង​លួង​ចិត្ត​អ្នក​ទេសចរ​ដែល​ខំ​ស្កាត់​ពី​ចម្ងាយ​មក​លេង​ដូច្នោះ​ដែរ»។
កញ្ញា​បាន​បន្ត​ថា​ថ្វី​ដ្បិត​តែ​ទឹក​ជ្រោះ​នៅ​ទីនោះ​ពុំ​អាច​មុជ ឬ​លេង​បាន​យ៉ាង​ណា​ក៏​ដោយ​ប៉ុន្តែ​គ្រាន់​តែ​បាន​ឈរ​លើ​ផ្ទាំង​ថ្ម​ស្រូប​យក​ខ្យល់​អាកាស គយ​គន់ និង​ផ្តិត​យក​រូបភាព​នៃ​សម្រស់​ទឹក​ជ្រោះ​ដ៏​ថ្លា​ឈ្វេង ដែល​ហូរ​ធ្លាក់​ចុះ​ពី​ផ្ទាំង​ថ្ម​នោះ ក៏​ធ្វើ​ឲ្យ​កញ្ញា​មាន​អារម្មណ៍​ថា​ធូរ​ស្បើយ និង​ស្រស់​ថ្លា​ទៅ​ហើយ។
នៅ​តំបន់​ទឹក​ជ្រោះ​ព្រះ​និម្មិត​ពុំ​ទាន់​មាន​ទីកន្លែង​សម្រាប់​សំណាក់ ឬ​ភោជនីយដ្ឋាន​ទំនើបៗ​ដូច​បណ្តា​រមណីយដ្ឋាន​ធម្មជាតិ​ផ្សេងៗ​ក៏​ពិត​មែន ប៉ុន្តែ​នៅ​ទីនោះ​មាន​កន្លែង​បម្រើរ​អាហារ និង​បន្ទប់​ទឹក​សម្រាប់​ភ្ញៀវ​ទេសចរ​។ ក្រៅ​ពី​ទឹក​ជ្រោះ​ដ៏​ត្រជាក់​ស្រិប​លោក​អ្នក​ក៏​អាច​ធ្វើ​ដំណើរ​តាម​រថយន្ដ​ពី​តំបន់​ទឹក​ជ្រោះ​នេះ​ទៅ​ទស្សនា​សត្វ​ត្រី​ផ្សោត​មេគង្គ​ដែល​ស្ថិត​នៅ​ក្បែរ​នោះ​ផង​ដែរ។
បើ​អ្នក​ចង់​កម្សាន្ត​សប្បាយ​ក្នុង​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ជាមួយ​នឹង​ក្រុម​គ្រួសារ​នៅ​តំបន់​ទេសចរណ៍​ធម្មជាតិ​ពិតៗ​អ្នក​គួរ​តែ​សាកល្បង​ទៅ​លេង​នៅ​ទឹក​ជ្រោះ​ព្រះ​និម្មិត​ប៉ុន្ដែ​សូម​គោរព​ច្បាប់​ចរាចរណ៍​ក្នុង​ពេល​ធ្វើ​ដំណើរ និង​យោគ​យល់​អធ្យាស្រ័យ​គ្នា​ដើម្បី​សុវត្ថិភាព​ទាំង​អស់​គ្នា​៕

No comments:

Post a Comment